ក្រុមតាលីបង់អាហ្វហ្គានីស្ថាន ៖ បើកចំហសម្រាប់ការចរចាបន្ទាប់ពីប៉ាគីស្ថានទម្លាក់គ្រាប់បែកលើទីក្រុងធំៗ

មេដឹកនាំក្រុមតាលីបង់អាហ្វហ្គានីស្ថាន បាននិយាយថាពួកគេមានឆន្ទៈក្នុងការចរចាបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានទម្លាក់គ្រាប់បែកលើទីក្រុងធំៗមួយចំនួន ដោយរដ្ឋមន្ត្រីការពារជាតិទីក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសថាប្រទេសជិតខាងទាំងពីរស្ថិតក្នុង «សង្គ្រាមបើកចំហ» បន្ទាប់ពីភាពតានតឹង និងការប៉ះទង្គិចគ្នារយៈពេលជាច្រើនខែមកនេះ។ ប៉ាគីស្ថាន បានវាយប្រហាររដ្ឋធានី Kabul របស់ប្រទេសអាហ្វហ្គានីស្ថាន និងទីក្រុង Kandahar ជាកន្លែងដែលមេដឹកនាំក្រុមតាលីបង់មានមូលដ្ឋាននៅទីនោះ ព្រមទាំងទីក្រុងដទៃទៀតកាលពីថ្ងៃសុក្រ ដោយការប្រយុទ្ធគ្នាក៏នៅតែបន្តតាមបណ្តោយព្រំដែនផងដែរ។ ភាគីទាំងពីរ បានរាយការណ៍ពីការបាត់បង់យ៉ាងធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានប្រកាសពីការ «ការប្រឈមមុខដាក់គ្នាទាំងស្រុង» ជាមួយរដ្ឋាភិបាលតាលីបង់ ដោយបង្ហោះនៅលើបណ្តាញ X ថា «បច្ចុប្បន្ន វាជាសង្គ្រាមបើកចំហរវាងយើង និងអ្នក»។ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយថា មេដឹកនាំក្រុមតាលីបង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយប្រទេសប៉ាគីស្ថានដើម្បីបញ្ចប់អំពើហិង្សា។ អំពើហិង្សាចុងក្រោយបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើទឹកដីប្រទេសអាហ្វហ្គានីស្ថាន បានបង្កឱ្យមានការវាយប្រហារសងសឹករបស់អាហ្វហ្គានីស្ថានតាមបណ្តោយព្រំដែនដែលបានបង្កើនភាពតានតឹងយូរអង្វែងលើការអះអាងរបស់ប៉ាគីស្ថានថា ប្រទេសអាហ្វហ្គានីស្ថានផ្តល់ទីជម្រកដល់អ្នកប្រយទ្ធតាលីបង់ប៉ាគីស្ថាន ប៉ុន្តែប្រទេសអាហ្វហ្គានីស្ថាន បានច្រានចោលរឿងនេះ។ អ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន ឧត្តមសេនីយ៍ Ahmed Sharif Chaudhry បាននិយាយថា ប្រតិបត្តិការតាមអាកាសនិងដីគោក របស់ប៉ាគីស្ថានបានសម្លាប់សមាជិកកងកម្លាំងអាហ្វហ្គានីស្ថាននិងអ្នកប្រយុទ្ធពាក់ព័ន្ធយ៉ាងហោចណាស់២៧៤នាក់ និងបានធ្វើឱ្យរងរបួសជាង៤០០នាក់ផ្សេងទៀត ខណៈទាហានប៉ាគីស្ថាន ១២ នាក់ត្រូវបានសម្លាប់ និង ២៧ នាក់ផ្សេងទៀតរងរបួស។

Leave a Reply

Your email address will not be published. Required fields are marked *