ខេត្តកំពត÷នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលស្វាគមន៍ និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការទី៣ នៃព្រឹទ្ធសភា (គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង បរិស្ថាន) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ក្នុងឱកាសដែលគណៈកម្មការអញ្ជើញចុះបំពេញបេសកកម្មការងារក្នុងភូមិសាស្ត្រខេត្តកំពត។
កិច្ចជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់ និងប្រមូលព័ត៌មានសំខាន់ៗដែលពាក់ព័ន្ធនឹងវិស័យក្នុងសមត្ថកិច្ចរបស់គណៈកម្មការ។
តាមរយៈជំនួបនេះ ក៏ដើម្បីតាមដានរាល់វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យបានកាន់តែប្រសើរឡើង៕
