ខេត្តកំពត៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរក្រុងកំពត បានចុះអនុវត្តរុះរើសំណង់ដែលសាងសង់របងបិទផ្លូវសាធារណៈ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បន្ទាប់ពីរដ្ឋបាលក្រុងបានជូនដំណឹងជាបន្តបន្ទាប់ ប៉ុន្តែម្ចាស់សំណង់មិនបានចូលរួមដោះស្រាយតាមការណែនាំរបស់អាជ្ញាធរ។
ក្រោមការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចន្ទតារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត ដឹកនាំដោយលោកស្រី ងិន ផលរ័ត្ន អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានចុះរុះរើសំណង់របងដែលសាងសង់លើដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
សូមជម្រាបជូនផងដែរថា រដ្ឋបាលក្រុងបានជូនដំណឹងចំនួន៣ដង ព្រមទាំងបានទុករយៈពេលសម្រាប់ការរុះរើរួចមក។
ការចុះអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងកំពត បានចេញសេចក្តីជូនដំណឹងចំនួន៣លើក ដោយលើកទី១ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លើកទី២ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ និងលើកទី៣ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជូនដំណឹងដល់ម្ចាស់សំណង់ឱ្យចូលរួមដោះស្រាយ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
យ៉ាងណាក៏ដោយ ដោយសារម្ចាស់ផ្ទះមិនបានមកចូលរួមដោះស្រាយតាមការជូនដំណឹងរបស់រដ្ឋបាលក្រុង ទើបអាជ្ញាធរក្រុងកំពត ចុះអនុវត្តរុះរើសំណង់ដែលបានសាងសង់របងបិទផ្លូវសាធារណៈ នៅទីតាំងខាងលើ។
ការអនុវត្តនេះ មានគោលបំណងធានាឱ្យផ្លូវសាធារណៈអាចប្រើប្រាស់បានជាប្រក្រតី និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រើប្រាស់ផ្លូវរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
រដ្ឋបាលក្រុងកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់សំណង់ទាំងអស់ ត្រូវចូលរួមគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងការប្រើប្រាស់ទីសាធារណៈ និងរក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីធានាបាននូវផលប្រយោជន៍រួម និងសោភ័ណភាពទីក្រុងកំពត។
