ជាការពិតរឿងរ៉ាវទំនាស់ដីធ្លី ហាក់កើតមានឡើងមិនចេះចប់ មិនចេះហើយទាល់តែសោះ ខណៈមានបុគ្គលខិលខូច មិនស្គាល់បុណ្យបាប តែងមានកលល្បិចស្មោកគ្រោកថោបទាប ជាពិសេសមិនខ្លាចច្បាប់ទម្លាប់ទាល់តែសោះ ពោលគឺធ្វើឲ្យតែបានលុយដាក់ហោប៉ៅ ។
តួយ៉ាងដូចករណីប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាទិញដីឡូត៍ ដើម្បីសាងសង់ផ្ទះរស់នៅរៀងៗខ្លួននៅក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៤ ២០១៥ ពីអ្នកស្រីអ៊ុង សុភា និងប្តីឈ្មោះឯម សុខពៅ ដើម្បីសាងសង់ផ្ទះសម្បែងរស់នៅតរៀងមក ចំណែកអ្នកខ្លះទៀតក៏មិនទាន់បានសាងសង់ផ្ទះរស់នៅរហូតមកដល់បច្ចុប្បន្ននេះ ។
ស្រាប់តែថ្មីៗនេះមានលិខិតមួយច្បាប់ចេញដោយមេធាវីឈ្មោះ សួង សុភ័ត្រ្តា តំណាងលោកឡាយ ភឹម ដាក់ជូនរដ្ឋបាលខណ្ឌសែនសុខ ដើម្បីសុំបន្តការសាងសង់សំណង់រឹងមាំមួយកន្លែងដែលកន្លងទៅត្រូវបានអាជ្ញាធរខណ្ឌសែនសុខចុះផ្អាកបន្ទាប់ពីរកឃើញថាសាងសង់នៅលើដីកំពុងមានទំនាស់។ ដែលខ្លឹមសារនៅក្នុងលិខិតខាងលើនេះបានបញ្ជាក់ថា ជូនដំណឹងពីការបន្តសាងសង់សំណង់លើទីតាំងដីឡូលេខ B5 B6 B7 B8 ក្នុងភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយលើកមូលហេតុថា ត្រូវការជម្រក សម្រាប់រស់នៅមុនពេលរដូវវស្សា ចូលមកដល់ ។
នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ថា កូនក្តីខ្ញុំបាទ បានទិញដីឡូត៍ ស្ថិតនៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីក្រុមហ៊ុនពៅ សុភាម៉ាឃីត ដែលបានផ្សព្វផ្សាយ ក្នុងឆ្នាំ២០១៤ ក្រៅកូនក្តីខ្ញុំ គឺមានប្រជាជនផ្សេងទៀតក៏បានទិញដីឡូត៍ ពីគម្រោងដីឡូត៍នេះដែរ ដោយអ្នកខ្លះបង់ផ្តាច់ អ្នកខ្លះបង់តាមតំណាក់កាល និងអ្នកខ្លះទៀតបង់រំលោះជាប្រចាំខែ ទៅតាមលទ្ធភាពរៀងៗខ្លួន ។ មកដល់បច្ចុប្បន្ននេះដីឡូត៍ខ្លះទំនេរមិនមានសំណង់ ហើយដីឡូត៍ខ្លះទៀតបានសង់ផ្ទះសម្រាប់ការរស់នៅរៀងៗខ្លួន ។ដោយឡែកដីឡូត៍កូនក្តីខ្ញុំបាទ ទើបតែចាប់ផ្តើមសាងសង់ នៅពុំទាន់រួចនៅឡើយ។ ថ្មីៗនេះមានឈ្មោះ ឈរ អ៊ាវជឺ ឈ្មោះមេន ថូ អះអាងថាជាតំណាងរបស់ប្រជាពលរដ្ឋបានធ្វើការតវ៉ាមិនឲ្យជាងធ្វើការសាងសង់ផ្ទះនៅលើទីតាំងដីឡូត៍កូនក្តីខ្ញុំបាទ ដោយលើកមូលហេតុនែការស្នើសុំបំបែកក្បាលដី ពីឈ្មោះអ៊ុង សុភា និងឈ្មោះឯម សុខពៅ ទៅវិញ ដែលខ្ញុំបាទសូមបង្ហាញថា ទី១ ជាការតវ៉ា មិនត្រឹមត្រូវ និងមិនសមហេតុផល ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កូនក្តីខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ ពីព្រោះកូនក្តីខ្ញុំបានដំណើរការសាងសង់សំណង់តែនៅលើដីរបស់ខ្លួនប៉ុណ្ណោះ ដោយពុំមានពាក់ព័ន្ធ និងពុំបានបំពានចូលដីរបស់អ្នកជាប់ព្រំណាម្នាក់នោះឡើយ ។ ទី ២ ក្នុងនាមកូនក្តីខ្ញុំបាទជាម្ចាស់ដីឡូត៍ និងជាអ្នកទិញដីពីក្រុមហ៊ុន ពៅ សុភា ម៉ាឃីត តែមួយដូចគ្នា បែរជាកូនក្តីខ្ញុំមិនអាចសាងសង់ផ្ទះស្នាក់នៅបាន ផ្ទុយទៅវិញ អ្នកផ្សេងអាចសាងសង់ និងអាចរស់នៅក្នុងផ្ទះដែលបានសង់លើដីឡូត៍រៀងៗខ្លួនទៅវិញ ។ ទី៣ នៅលើទីតាំងដីឡូត៍ខាងលើនេះ គឺពិតជាគ្មានទំនាស់ ឬ វិវាទ ក្នុងចំណោមម្ចាស់ដីឡូត៍ដែលបានទិញឡើយ ជាងនេះទៀត នៅពេលខាងភូមិបាលខណ្ឌសសែនសុខចុះវាស់វែងធ្វើគំនូសបង្ហាញទីតាំងដីជាក់ស្តែង កាលពីថ្ងទី៣ ខែមិនា ឆ្នាំ ២០២៦ គឺបង្ហាញថា ពិតជាមិនមានទំនាស់ឬវិវាទជាមួយម្ចាស់ឡូត៍ នីមួយៗ នោះឡើយ ។ លោកអភិបាលខណ្ឌជាទីគោរព ក្នុងពេលនេះរដូវវស្សាកាន់តែខិតជិតចូលមកដល់ហើយ កូនក្តីខ្ញុំបាទត្រូវការទីជម្រក សម្រាប់ការរស់នៅឲ្យបានសមរម្យ ជាហេតុចាំបាច់ត្រូវបន្តសាងសង់ផ្ទះនៅលើទីតាំងរបស់ខ្លួនបន្តទៅទៀត ។
តាមរយៈលិខិតជូនដំណឹងនេះខ្ញុំបាទសូមបញ្ជាក់ថា ១ កូនក្តីខ្ញុំនិងចាប់ផ្តើមសាងសង់បានដោយស្របច្បាប់ ពីព្រោះថាទីតាំងដីឡូត៍របស់កូនក្តីខ្ញុំបាទ គ្មានទំនាស់ និងគ្មានវិវាទជាមួយអ្នកជាប់ព្រំឡើយ ដែលបង្ហាញថា ជាការតវ៉ានិងជាការផ្អាកការសាងសង់ ដែលគ្មានមូលហេតុទាល់តែសោះ ។ ២ បើអាជ្ញាធរ សម្រេចឲ្យផ្អាកការសាងសង់ នោះកូនក្តីខ្ញុំអាចបង្ខចិត្តផ្អាកបាន លុះត្រាតែ ក្រោយពេលអាជ្ញាធរតម្រូវឲ្យឈ្មោះឈរ អ៊ាវជឺ ឈ្មោះមេន ថូ ឬអ្នកតវ៉ាទាំងអស់ ចាកចេញពីទីតាំងដី ផ្ទះរបស់ខ្លួន ហើយអ្នកទាំងនោះបានចាកចេញអស់ជាមុនសិន ដើម្បីឲ្យស្មើភាពគ្នា។ ៣ ក្នុងករណីឈ្មោះឈរ អ៊ាវជឺ ឈ្មោះមេន ថូ ឬតំណាងប្រជាពលរដ្ឋណាមួយ នៅតែចេញមុខហាមឃាត់ ឬតវ៉ាបង្កការរំខានណាមួយ មិនឲ្យកូនក្តីខ្ញុំបាទសាងសង់ នោះកូនក្តីខ្ញុំនិងចាត់វិធានការផ្លូវច្បាប់ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្រប់ច្បាប់របស់ខ្លួន ។
យ៉ាងណាក្តីពាក់ព័ន្ធទៅនិងលិខិតជូនដំណឹងរបស់លោកមេធាវី សួង សុភ័ត្រ្តា ដែលអះអាងថាជាតំណាងលោកឡាយ ភឹម ខាងលើនេះ លោកឈរ អ៊ាវជឺ ក៏ដូចជាប្រជាពលរដ្ឋទាំង១៨គ្រួសារ រស់នៅភូមិជាងទងបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ហើយកាន់តែឲ្យពួកគាត់ដឹងច្បាស់ថាអ្នកណាជាអ្នកនៅពីក្រោយខ្នងក្នុងរឿងនេះ ខណៈអ្នកស្រីអ៊ុង សុភា កំពុងគេចខ្លួន ហើយលោកស្រីលី វណ្ណា ដែលកំពុងកាន់កាប់ប្លង់ដីរួម របស់ប្រជាពលរដ្ឋទាំង១៨គ្រួសារ ដោយសំអាងលើលិខិតទិញលក់ដី ពីអ្នកស្រីអ៊ុង សុភា សរសេរដោយដៃមួយសន្លឹក ដែលអាជ្ញាធរបញ្ជាក់ថារកស៊ីបញ្ចាំខុសច្បាប់ មិនហ៊ានចេញមុខ ដោយគ្រាន់តែចាត់ឲ្យបុគ្គលម្នាក់ ពីរនាក់ជាតំណាង ចេញមុខជំនួស ធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋទាំង១៨គ្រួសារខាងលើនេះ ។
ជាមួយគ្នានោះដែរ លោក ឈរ អា៊វជឺ ដែលមានឈ្មោះ នៅក្នុងលិខិតជួនដំណឹងរបស់មេធាវីនោះដែរ បានចេញមកប្រតិកម្មខ្លាំងៗយ៉ាងដាច់អហង្កា ថាលិខិតនេះមានភាព វិការៈបានន័យថា មិនប្រក្រតី មិនត្រឹមត្រូវតាមខ្លឹមសារដើម ខណៈដែលលោក ឡាយភឹម បានបដិសេធចោលទាំងស្រុងថាលោកមិនដែលស្គាល់និងមិនដែលបានពឹងពាក់ជួលលោកមេធាវីណាម្នាក់នោះទេ ជាពិសេសគឺមិនដែលស្គាល់ឈ្មោះមេធាវី សួង សុភ័ត្រ្តា នោះដែរ ( ដាក់សំឡេង ឡាយភឹម ……….) ។
បន្ថែមពីនេះលោក ឈ អ៊ាវជឺ បានគួសបញ្ជាក់ទៀតថាចំណុចដែលកាន់តែគួរឲ្យសង្ស័យច្រើនទៀតនោះ នៅលើលិខិតរបស់មេធាវី បញ្ជាក់ថា លោកឡាយ ភឹម មានដី ៤ឡូត៍ គឺ B5 B6 B7 B8 ត្រង់ចំណុចនេះលោក ថាលោកឡាយ ភឹម មានដី តែ៣ឡូត៍ ប៉ុណ្ណោះគឺឡូត៍ លេខ B5 B6 និង B7 ចំណែកឡូត៍លេខB8 គឺមានម្ចាស់ ទៀតឈ្មោះ ព្រំ ពុធ ដែលនេះកាន់តែសបញ្ជាក់ឲ្យឃើញថារឿងនេះមានជនទុច្ចរិត ជាអ្នករៀបចំបង្កើតរឿងដើម្បីបំភ័យប្រជាពលរដ្ឋ និងបំភ័ន្តភ្នែកអាជ្ញាធរ ។
នៅក្នុងរឿងនេះដែរលោកឡាយ ភឹម ក៏បានសំណូមពរដល់អាជ្ញាធរ ខណ្ឌសែនសុខ យ៉ាងដូច្នេះថា ….(ដាក់សំឡេង ឡាយភឹម ) .
ជាមួយគ្នានោះដែរលោក ឈរ អា៊វជឺ ក៏បានធ្វើការឆ្លើយតបទៅកាន់លោកមេធាវីសួង សុភ័ត្រ្តា ដោយខ្លីវិញថាប្រសិនបើម្ចាស់សំណង់ខាងលើនេះពិតជាកម្មសិទ្ធរបស់លោក ឡាយ ភឹម មែនពួកគាត់ទាំងអស់គ្នាសូមអបអរសាទរ ព្រមទាំងជួយសម្របសម្រួលឲ្យធ្វើការសាងសង់ ជាបន្តទៀត ប៉ុន្តែសូមកុំឲ្យជនខិលខូចបន្លំយកឈ្មោះ លោកឡាយ ភឹម ដែលមានវ័យជាង៨០ ឆ្នាំទៅហើយនោះ មកធ្វើជាធ្នាក់ឡប់ប៊ី បំភ័ន្តភ្នែកអាជ្ញាធរ ដើម្បីផលប្រយោជន៍ខ្លួនឯងនិងបក្សពួកឲ្យសោះ ។
ប៉ុន្តែបើយោងទៅលើលិខិតសុំច្បាប់សាងសង់ដាក់ទៅសង្កាត់ក្រាំងធ្នង់ ដែលចុះ ហត្ថលេខា ដោយលោកសឿន សូ ចៅសង្កាត់ក្រាំងធ្នង់ បន្ទាប់ពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ និង ខាងតំណាងលោកស្រីលី វណ្ណា បានធ្វើការចចារសម្របសម្រួលគ្នា ដើម្បីស្វែងរកដំណោះស្រាយ ក្រោមយុទ្ធសាស្រ្តឈ្នៈ ឈ្នៈ ទាំងអស់គ្នារួចមក គឺឈ្មោះផល រ៉ាវិន ជាម្ចាស់សំណង់ ប៉ុន្តែបន្ទាប់ពីធ្វើការសាងសង់បានមួយរយៈក៏ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ បានចុះផ្អាកការសាងសង់វិញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញថាការសាងសង់នេះមានភាពមិនប្រក្រតី ពោលគឺសាងសង់លើដីកំពុងមានទំនាស់ ទោះយ៉ាងណាលោកឈរ អ៊ាវជឺ បានថ្លែងឲ្យដឹងជាចុងក្រោយថា រឿងនេះនិយាយទៅវែងឆ្ងាយណាស់ ពាក់ព័ន្ធទៅនិងអ្នកស្រីអ៊ុង សុភា ដូច្នេះ ទុកលទ្ធភាពឲ្យអាជ្ញាធរដើម្បីជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះទាំង១៨គ្រួសារខាងលើនេះទៅចុះ ។
ទន្ទឹមនិងនោះលោកឈរ អ៊ាវជឺ រួមនិងប្រជាពលរដ្ឋជាច្រើនគ្រួសារបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់ ជាពិសេស ស្វែងរកមុខជនទុច្ចរិតដែលនៅពីក្រោយខ្នងនៃការក្លែងបន្លំ ឈ្មោះរបស់លោកឡាយ ភឹម ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង ពីព្រោះថា បើមិនដូច្នោះទេក្រុមជនទាំង នេះនៅតែមានឪកាសដើរបង្កព្យុះភ្លៀង ជាមួយបងប្អូនប្រជាពលរដ្ឋដទៃទៀតជាក់ជាមិនខាន ។ ជាមួយគ្នានោះលោកក៏បានសំណូមទៅដល់គណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយពិនិត្យមើលករណីលោកមេធាវី សួងសុភ័ត្រ្តា ផង ថាតើធ្វើបែបនេះសមស្របទៅតាមវិជ្ជាជីវៈមេធាវីដែរឬយ៉ាងណានោះ ខណៈដែលអ្នកច្បាប់បានពន្យល់ថា នៅក្នុងលិខិតជូនដំណឹងនោះមានលក្ខណៈមិនប្រក្រតីច្រើន ។
ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មានយើងបានសុំការបំភ្លឺពីលោកមេធាវីសួង សុភ័ត្រ្តា តាមទូរស័ព្ទ ដោយលោកបានទទួលស្គាល់ថាកូនក្តីលោកពិតជាមានឈ្មោះឡាយ ភឹម ប្រាកដមែន ប៉ុន្តែត្រង់សំណួររបស់អ្នកកាសែតយើងសួរថា តើលោកឡាយ ភឹម ពិតជាបានប្តឹតមេដៃសុំពឹងពាក់ នៅចំពោះមុខលោកដែរឬយ៉ាងណានោះ លោកមេធាវី សួង សុភ័ត្រ្តា បែរជាបង្វែរឲ្យអ្នកយកព័ត៌មានយើងនាំលោកឡាយ ភឹម រួមនិងប្រជាពលរដ្ឋដែលពាក់ព័ន្ធ ទៅជួបនៅការិយាល័យទៅវិញ ៕
