
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ព្រមទាំងបុត្រា បុត្រី ម្តាយក្មេក ម្តាយបង្កើត និងសាច់ញាតិ បានអញ្ជើញនាំយកទ័យទាន ទេយ្យវត្ថុ ទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅវត្តចំនួន៤ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមមាន វត្តកបិលមហាព្រហ្ម (ហៅវត្តក្បាលត្រាច) វត្តនាគគួច (ពីដើមហៅអាស្រមនាគគួច) វត្តជាយឫស្សី (ហៅវត្តធម្មពោធិ៍) និងវត្តសម្ដេចយស (ហៅវត្តសម្ដេចសិរីយស្សា)។
ការប្រគេនទ័យទានក្នុងឱកាសបុណ្យចូលព្រះវស្សានេះ គឺជាការសម្ដែងនូវសទ្ធាជ្រះថ្លាដ៏មុតមាំរបស់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងក្រុមគ្រួសារ ចំពោះព្រះពុទ្ធសាសនា ព្រមទាំងរួមចំណែកទំនុកបម្រុងព្រះសង្ឃដែលកំពុងគង់សិក្សាព្រះធម៌ វិន័យ និងបំពេញពុទ្ធកិច្ចក្នុងអំឡុងពេលចូលព្រះវស្សា ស្របតាមទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជនខ្មែរ។
ជាច្រើនឆ្នាំកន្លងមក លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត តែងតែចាត់ទុកការលើកស្ទួយព្រះពុទ្ធសាសនា និងការងារមនុស្សធម៌ ជាបេសកកម្មដ៏ថ្លៃថ្លាក្នុងជីវិត។ លោកបានចូលរួមកសាង និងជួសជុលវត្តអារាមជាច្រើន ព្រមទាំងឧបត្ថម្ភថវិកា បច្ច័យ និងសម្ភារចាំបាច់ជាបន្តបន្ទាប់ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងអភិរក្សមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្ស។
បន្ថែមពីលើការលើកស្ទួយវិស័យព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៍ទោ និងភរិយា ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជាច្រើន ដោយបានរួមចំណែកកសាងសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ព្រមទាំងឧបត្ថម្ភជំនួយដល់ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា គ្រួសារក្រីក្រ និងប្រជាពលរដ្ឋដែលជួបការលំបាកនៅតាមបណ្ដារាជធានី-ខេត្តនានា។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីទឹកចិត្តមេត្តា ករុណា និងស្មារតីចែករំលែក ដែលជាគុណធម៌ដ៏ប្រពៃរបស់ពុទ្ធសាសនិកជន។
រាល់សកម្មភាពធ្វើបុណ្យទាន និងការងារសប្បុរសធម៌ដែលលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងក្រុមគ្រួសារបានអនុវត្តជាបន្តបន្ទាប់ មិនត្រឹមតែជាការប្រមូលផ្តុំកុសលផលបុណ្យសម្រាប់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អក្នុងសង្គម ជំរុញឱ្យសប្បុរសជន និងពុទ្ធបរិស័ទចូលរួមថែរក្សា លើកស្ទួយព្រះពុទ្ធសាសនា និងបន្តវប្បធម៌នៃការចែករំលែក ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានសុខដុមរមនា វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយគុណធម៌។
ក្នុងឱកាសដ៏ប្រពៃនេះ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ក៏បានបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងសព្វសត្វទាំងឡាយ ព្រមទាំងសូមឱ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សុភមង្គល និងវិបុលភាពជានិច្ចនិរន្តរ៍។















