អភិបាលខេត្តកំពតចុះពិនិត្យទីតាំងសាងសង់អគារបន្ថែមក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីពង្រីកសេវាថែទាំព្យាបាលជំងឺជូនពលរដ្ឋ

ខេត្តកំពត៖ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការមកទទួលសេវាព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ដែលបច្ចុប្បន្នមានការគាំទ្រ ក៏ដូចជាកើនឡើងនូវការមកទទួលសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តកំពតនឹងរៀបចំអគារពិនិត្យ និងសម្រាកព្យាបាលជំងឺមួយខ្នង ដែលមានបីជាន់ទាំងជាន់ផ្ទាល់ដី ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពត។ ការសាងសង់អគារបន្ថែមនេះ ដោយមើលឃើញពីការកើនឡើងពីការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ ។

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃផ្នែកវិស័យសុខាភិបាលខេត្ត ដែលផ្តោតលើការរៀបចំទីតាំងសម្រាប់ដាក់ម៉ាស៊ីន CT Scan ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីពង្រឹងគុណភាពផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋ និងកាត់បន្ថាយការចំណាយពេលវេលាក៏ដូចជាថវិកាក្នុងការពិនិត្យជំងឺរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះពិនិត្យទីតាំងផ្ទាល់សម្រាប់សាងសង់អគារ ពិនិត្យ និងព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជំរុញអោយមានការសាងសង់ក្នុងពេលឆាប់ៗនេះខាងមុខនេះ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សេវាសុខាភិបាលត្រូវបានគិតគូរជាអាទិភាព ដោយមានការអភិវឌ្ឍ និងធ្វើទំនើបកម្មលើវិស័យនេះ ក្នុងន័យដើម្បីបង្កើនប្រសិទ្ធភាពក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានជំរុញដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំអភិវឌ្ឍន៍លើវិស័យនេះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានភាពល្អប្រសើរ ដើម្បីផ្តល់សេវាសុខាភិបាលជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសជួយដល់ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណសមធម៌ ក៏ដូចជាប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលប្រើប្រាស់បណ្ណ ប.ស.ស ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលជូនវីរកងទ័ព និងគ្រួសារកងទ័ពផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា អគារថ្មីដែលគ្រោងនឹងសាងសង់ក្នុងពេលខាងមុខនេះ មានកម្ពស់ ៣ជាន់ (ជាន់ផ្ទាល់ដី, ជាន់ទី១ និងជាន់ទី២) ដែលមានបណ្តោយ ៧៥ម៉ែត្រ និងទទឹង ១៥ម៉ែត្រ ហើយការសម្រេចរៀបចំសាងសង់អគារបន្ថែមនាពេលនេះ គឺធ្វើឡើងដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការនៃការមកទទួលសេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត ក៏ដូចជាដើម្បីពង្រីកសេវាថែទាំព្យាបាលជំងឺជូនពលរដ្ឋ ពិសេសពង្រឹងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ រហ័សទាន់ចិត្ត និងមានផាសុកភាពជាងមុន។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ការសាងសង់អគារនេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *