ខេត្តកណ្ដាល÷ ទីតាំងការដ្ឋានអាជីវកម្មបូមខ្សាច់របស់លោកថៅកែឆន សំអាត ស្ថិតនៅតាមស្ទឹងព្រែកត្នោត ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាលបានចាប់ដំណើរការឡើងវិញ បន្ទាប់ពីអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល ចុះទៅហាមឃាត់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ករណីនេះគេមិនដឹងថា តើច្បាប់ទម្លាប់ដែលអាជ្ញាធរមានសមត្ថកិច្ចមន្ទីរជំនាញ ខេត្តកណ្ដាលបានដាក់ជូនលោកថៅកែ ឆន សំអាត មានប្រសិទ្ធភាពកម្រិតណានោះទេ?
យ៉ាងណាក៏ដោយអភិបាលស្រុកអង្គស្នួល លោក នូ
សុវណ្ណារិទ្ធ ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី ២៧ ខែមករានេះថានឹងឲ្យជំនាញចុះទៅពិនិត្យមើល។ ជាមួយនេះគ្មាននោះ ក៏មានសេចក្តីរាយការណ៍ថាមន្ត្រីជំនាញនៃមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលក៏នឹងចុះទៅពិនិត្យមើលដំណើរការនៃការបូមខ្សាច់នៅស្ទឹងព្រែកត្នោតក្នុងស្រុកអង្គស្នូលនោះដែរ។
សកម្មភាពបូមខ្សាច់នៅមាត់ស្ទឹងព្រែកត្នោតនេះ គឺបង្កហានិភ័យទៅអនាគត នឹងជះឥទ្ធិពលដោយផ្ទាល់រាល់ ថ្ងៃចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងនេះ។ បើទោះជាការព្រមាន និងហាមឃាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៃមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាលក៏ ដោយក៏បុគ្គលជាថៅកែការដ្ឋានបូមខ្សាច់ខាងលើនេះមិនញញើតនោះដែរ។ ហេតុអ្វីបានជាគាត់មិនគោរពការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច? គាត់មានខ្នង បង្អែកសម្រាប់ការអំពើទង្វើបំពានច្បាប់នេះឬយ៉ាងណានៅគ្រាដែលលោកថៅកែរូបនេះទទួលស្គាល់ថា សកម្ម ភាពបូមខ្សាច់នេះគ្មានច្បាប់ទម្លាប់អ្វីទេ។
គួរបញ្ជាក់ថា ព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៦ កន្លងទៅនេះស្ថាប័នជំនាញខេត្តកណ្ដាលដឹកនាំ ដោយមន្ទីរ៉ែនិងថាមពល,មន្ទីរធនធាននិងឧតុនិយម រួមដំណើរដោយអាជ្ញាធរដែនដីពាក់ព័ន្ធបានចុះពិនិត្យ និងបិទជាស្ថាពរអាជីវកម្មបូមខ្សាច់របស់លោកឆន សំអាត នៅលើស្ទឹងព្រែកត្នោត ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្ដាល។
មិនតែប៉ុណ្ណោះ ស្ថាប័នជំនាញទាំងពីរគឺមន្ទីរ៉ែ និងមន្ទីរធនធានទឹកបានមើលឃើញបញ្ហាខុសច្បាប់ទាំងស្រុង ចំពោះសកម្មភាពបូមខ្សាច់ធ្វើអាជីវកម្មនៅទីតាំងខាង លើ ដែលមតម្រូវឲ្យមានការផាកពិន័យថែមទៀតផង។ ដូច្នេះមន្ទីរជំនាញកំណត់ឲ្យលោកឆន សំអាត ម្ចាស់អាជីវកម្មបូមខ្សាច់ខុសច្បាប់ ត្រូវចូលទៅផាកពិន័យនៅថ្ងៃសុក្រទី១៦ខែមករាខាងមុខនេះ។ គេមិនដឹងថាតើលោកឆនសំអាតបានបងប្រាក់ផាកពិន័យដល់ស្ថាប័នជំនាញហើយឬនៅ? និងថា នៅក្រោមហេតុផលអ្វីបានជាលោកអាចដំណើរការយ៉ាងគឃ្លើនទាំងទទឹងទិសនៅគ្រាដែលអាជ្ញាធរបានព្រមានរួចម្ដង និងផាកពិន័យហើយនោះ។
ប្រជាពលរដ្ឋនៅជិតខាងទីតាំងបូមខ្សាច់ខាងលើ មិនសប្បាយចិត្តនោះទេ។ វាធ្វើឲ្យល្អក់ទឹកស្ទឹងព្រែកត្នោតមិនអាចប្រើប្រាស់បាន នៅតំបន់ខាងក្រោមនិងតំបន់ជិតខាង។ ក្រៅពីនោះស្រែចំការរបស់ប្រជាពលរដ្ឋនៅជិតខាងក្បែរការដ្ឋានក៏ត្រូវប្រឈមនឹងហានិភ័យនៃការបាក់ច្រាំងស្ទឹងនោះផងដែរ។ បន្ទាប់ពីមានប្រតិកម្មនិងការផ្សព្វផ្សាយពីបណ្ដាញព័ត៌មានជាច្រើននោះមកទើបមន្ទីរជំនាញ ចុះបិទអាជីវកម្មនិងផាកពិន័យម្ចាស់អាជីវកម្មខាងលើនេះ៕

