ខេត្តកំពង់ធំ៖ ដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងក្នុងបំណងរួមចំណែកលើកស្ទួយការអភិវឌ្ឍវត្តអារាម លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងបុត្រ បានប្រគេនបច្ច័យដល់ វត្តចាំបំបៅ ស្ថិតនៅភូមិតាព្រាច ឃុំដេប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍវត្តអារាម។
វត្តចាំបំបៅ គឺជាវត្តដ៏ស្ងប់ស្ងាត់មួយ ស្ថិតក្នុងភូមិតូចមួយ ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់សាលាឆាន់ និងសមិទ្ធផលចាំបាច់នានាក្នុងវត្ត ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា និងជាទីសក្ការបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ និងក្រុមគ្រួសារ បានប្រគេនថវិកាចំនួន ១,១៨០ (មួយពាន់មួយរយប៉ែតសិប) ដុល្លារសហរដ្ឋអាមេរិក ថ្វាយព្រះគ្រូចៅអធិការ ព្រះនាម ដួង សុភារាជ សម្រាប់ប្រើប្រាស់ក្នុងការកសាង និងអភិវឌ្ឍ វត្តចាំបំបៅ។
បន្ថែមពីនេះ លោកក៏បានឧបត្ថម្ភថវិកាសរុបចំនួន ៤០ម៉ឺនរៀល ក្នុងនោះ ២០ម៉ឺនរៀល ជូនអាចារ្យវត្ត និង ២០ម៉ឺនរៀល ជូនអ្នកថែទាំវត្ត ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់វត្ត។
សកម្មភាពប្រកបដោយសទ្ធា និងសប្បុរសធម៌របស់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងក្រុមគ្រួសារ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការលើកស្ទួយព្រះពុទ្ធសាសនា និងការចូលរួមអភិវឌ្ឍវត្តអារាម ដែលជាទីសក្ការបូជា និងជាមជ្ឈមណ្ឌលអប់រំសីលធម៌សម្រាប់ពុទ្ធបរិស័ទ និងសហគមន៍មូលដ្ឋាន។
ទង្វើប្រកបដោយសទ្ធា និងសប្បុរសធម៌នេះ ក៏បានបង្ហាញពីការចែករំលែកក្តីស្រឡាញ់ និងការទទួលខុសត្រូវចំពោះសង្គម ស្របតាមវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជនកម្ពុជា ដែលតែងតែរួមចំណែកគាំទ្រព្រះពុទ្ធសាសនា និងការអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។

