ខេត្តកំពត÷ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតទុកឱកាសឱ្យម្ចាស់ទីតាំងរយៈពេល ១សប្តាហ៍ជាកំហិត ដើម្បីធ្វើការកាយដី និងយកសំណង់បេតុងដែលបានសាងសង់រំលោភនោះចេញវិញមានការសាងសង់ចាក់បេតុងការពារច្រាំង និងចាក់ដីបំពេញរំលោភចូលក្នុងចរន្តទឹកព្រែកខុសច្បាប់ ។
ការចុះពិនិត្យរបស់ឯកឧត្តមអភិបាលកំពតនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការពិនិត្យទីតាំងវិថីអាហារ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបន្តដំណើរចុះត្រួតពិនិត្យករណីរំលោភបំពានដីចំណីព្រែកកំពត ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។
តាមការពិនិត្យជាក់ស្តែងនៅទីតាំងនោះ ជាទីតាំងថ្មី មានការសាងសង់ចាក់បេតុងការពារច្រាំង និងចាក់ដីបំពេញរំលោភចូលក្នុងចរន្តទឹកព្រែកខុសច្បាប់ ។
ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជា ដោយទុកឱកាសឱ្យម្ចាស់ទីតាំងរយៈពេល ១សប្តាហ៍ជាកំហិត ដើម្បីធ្វើការកាយដី និងយកសំណង់បេតុងដែលបានសាងសង់រំលោភនោះចេញវិញទាំងអស់ ដើម្បីរៀបចំសភាពដីឱ្យមកតាមសំណៅដើមវិញ។
វិធានការនេះត្រូវបានធ្វើឡើងដើម្បីការពារប្រយោជន៍សាធារណៈ និងរក្សាសម្រស់ធម្មជាតិនៃដងព្រែកកំពត ដែលជាបេះដូងនៃវិស័យទេសចរណ៍ក្នុងខេត្ត។
អាជ្ញាធរក្រុងកំពត និងមន្ទីរជំនាញ នឹងបន្តតាមដានការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាថាគ្រប់ការអភិវឌ្ឍទាំងអស់ត្រូវអនុវត្តតាមច្បាប់ និងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ៕
